អ្នកនិព្ធឈ្មោះ ផាត ភឿក (Sopheak MC) កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩០ក្នុងភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់បច្ចុប្បន្ន ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យហ៊ុន សែនកំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច បញ្ចេញស្នាដៃប្រលោមស្នេហ៍ បង្ហាញពីភក្ដីស្នេហ៍របស់ អ្នកកំពង់ចាម ដោយយកស្ពានគីហ៊្សូណា ដែលជាស្ពាននិមិត្តរូបរបស់ខេត្តនេះភ្ជាប់ជាមួយស្នាដៃ។

ងាកមកការចាប់ផ្ដើមរបស់អ្នកនិពន្ធ ផាត ភឿក កវីខេត្តកំពង់ចាម លោកផ្ដើមប្រឡូកក្នុងវិស័យតែងនិពន្ធនេះនៅចុងឆ្នាំ២០១៨។ អ្នកនិពន្ធរូបនេះបញ្ជាក់ថាការតែងនិពន្ធនេះ លោកពុំបានរៀនពីសាលាជំនាញណាមួយនោះទេ ពោលគឺដូចជាមានឧបនិស្ស័យនិងទេពកោសល្យពីកំណើត គួបផ្សំនឹងការចូលចិត្តអាន និងសរសេររបស់ខ្លួន ហាក់ជំរុញឱ្យសរសេរជាប្រលោមលោកនេះបាន។ 

«កន្លងមកខ្ញុំធ្លាប់សរសេរជាកំណាព្យ និងរឿងខ្លីៗលេង តែពុំដែលចេញផ្សាយអ្វីនោះទេ។ទើបតែចុងឆ្នាំ២០១៨ ខ្ញុំក៏ចាប់ផ្ដើមសរសេររឿងមួយមានចំណងជើងថាហេមន្ដស្នេហ៍គីហ៊្សូណានេះតែម្ដង ហើយបានចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ»។ នេះបើតាមសំណេររបស់ លោក ផាត ភឿក។   

ក្រៅតែពីប្រលោមលោកតែងសរសេរកំណាព្យអប់រំ សៀវភៅលើកទឹកចិត្ត និងសៀវភៅសេដ្ឋកិច្ច ដែលជាគោលដៅចម្បងរបស់ខ្លួន។ មុននឹងមានគំនិតសរសេរប្រលោមលោកនេះ ពីដំបូងយុវជនរូបនេះចង់សរសេរសៀវភៅសេដ្ឋកិច្ចនិងសៀវភៅលើកទឹកចិត្តជាង តែដោយហេតុថាចំណេះនិងកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅមានកម្រិត លោកចាំបាច់ត្រូវសិក្សាបន្ថែមនិងសាងកេរ្តិ៍ឈ្មោះតាមរយៈការសរសេរប្រលោមលោកនេះជាមុនសិន។

តាមរយៈស្នាដៃ ប្រលោមលោករឿង  "ហេមន្ដស្នេហ៍គីហ៊្សូណា" អ្នកនិពន្ធមានគម្រោងចេញប្រលោមលោកមួយទៀត តែសុំលាក់ចំណងជើងសិនគ្រាន់តែបង្ហើមថាសាច់រឿងនឹងរៀបរាប់ទេសភាព និងស្នេហានៅខេត្តពីរគឺរតនគីរី(បឹងយក្សលោម) និងខេត្តព្រះសីហនុ (កោះរ៉ុង)។

បើនិយាយពីការអានសៀវភៅសម្រាប់លោក ផាត ភឿក គឺកម្រិតខ្ពស់បំផុតហើយ អាចនិយាយថាលោកយកការអានជាអាជីព និងរកស៊ីទៅហើយព្រោះតាំងពីតូចមកសៀវភៅគឺជាមិត្តល្អបំផុតហើយរបស់លោក។ សៀវភៅបានកែប្រែចិត្តគំនិតអត្តចរិត ថែមទាំងអាចព្យាបាលអារម្មណ៍តានតឹងរបស់អ្នកនិពន្ធរូបនេះទៀតផង។ លោក ផាត ភឿកគិតថាជាអ្នកនិពន្ធពិតមានសារសំខាន់ណាស់ ព្រោះដើម្បីបានគំនិតល្អៗនិងច្បាស់លាស់ទាមទារអានសៀវភៅឱ្យបានច្រើន ប្រមូលគំនិត សិល្ប៍វិធីក្នុងការសរសេរបានច្រើនបែបដើម្បីសំយោគចេញជាគំនិតថ្មីមួយផ្សេងទៀតដែលសមហេតុផលនិងស្របតាមបរិបទសង្គម៕